កំពង់ធំ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលចុងសប្តាហ៍ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក សន្លាក់ រោគស្រ្តី និងជំងឺផ្សេងៗ ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ចំនួន ៣,១៩៨ នាក់ ពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។




សកម្មភាពនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) រួមជាមួយឯកឧត្តម ងួន រាសី អភិបាលរងខេត្ត និងអភិបាលខេត្តកំពង់ធំ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានសរសើរក្រុមគ្រូពេទ្យ TYDA ដែលបានផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋរយៈពេលជាច្រើនឆ្នាំ មិនថាក្រោមកំដៅថ្ងៃ ឬភ្លៀង ខ្យល់ខ្លាំងក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា លេខាធិការដ្ឋានគ.វ.អ. មានតួនាទីគាំទ្រការអប់រំ និងសុខភាពសិស្ស តាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការកែលម្អកម្មវិធីសិក្សា កម្មវិធីក្រៅម៉ោង និងការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍។

នៅក្នុងឱកាសនេះ អ្នកគ្រប់គ្រងសាលាបឋមសិក្សា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ TYDA និងការគាំទ្រយ៉ាងពេញចិត្តពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសិស្ស និងកុមារសហគមន៍។




សកម្មភាពព្យាបាលសុខភាពនេះ សរុបចំនួន ៣,១៩៨ នាក់ ស្មើ ៦,៧៩៦ ករណី។ ករណីមួយចំនួន ២ ករណី ត្រូវបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ។ ថ្ងៃនោះក៏មានការបណ្ដុះបណ្ដាលស្តីពីការថែទាំសុខភាពបឋម ចំនួន ៧៣ នាក់ ដើម្បីលោកគ្រូអ្នកគ្រូនាំទៅបង្រៀនសិស្សានុសិស្សបន្ត។

