វិស័យឧស្សាហកម្មនៅកម្ពុជាសព្វថ្ងៃ មិនមានត្រឹមតែឧស្សាហកម្មកាត់ដេរប៉ុណ្ណោះទេ ខណៈប្រទេសនេះក៏បានអភិវឌ្ឍរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនឡើងផងដែរ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាអាចនាំចេញគ្រឿងបន្លាស់រថយន្តបានតម្លៃប្រមាណ២៩៥ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ១១,៣៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
ក្រៅពីរោងចក្រផលិតគ្រឿងបន្លាស់រថយន្ត កម្ពុជាក៏មានរោងចក្រដែលកំពុងផលិតគ្រឿងបន្លាស់កង់ និងម៉ូតូផងដែរ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារនាំចេញទៅក្រៅប្រទេស ។
ស្ថិតិបានឲ្យដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជាអាចនាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ បានតម្លៃប្រមាណ៧៤ លានដុល្លារដែលមានកំណើនដល់ទៅ៩០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលជាកំណើនគួរឲ្យកត់សម្គាល់ ។
អ្នកវិភាគបានលើកឡើងថា កំណើននៃឧស្សាហកម្មគ្រឿងបន្លាស់យានយន្តនេះ បង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជាពីការពឹងផ្អែកលើការកាត់ដេរតែប៉ុណ្ណោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាច្រើនជាងមុន ។
ទន្ទឹមនឹងនេះ វិស័យនេះក៏ត្រូវបានចាត់ទុកថាជាឱកាសសំខាន់ក្នុងការបង្កើតការងារ ការផ្ទេរបច្ចេកទេស និងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ៕
