ទីក្រុងអាប៊ូដាប៊ី៖ ថ្ងៃនេះ គណៈប្រតិភូរបស់អាមេរិក រុស្ស៊ី និងអ៊ុយក្រែនបន្តជួបគ្នានៅទីក្រុងអាប៊ូដាប៊ី (Abu Dabi) ប្រទេសអារ៉ាប់រួមដើម្បីចរចាគ្នាចូលដល់ថ្ងៃទី២។ ប្រធានបទសំខាន់ និងចុងក្រោយគេគឺបញ្ហាបូរណភាពទឹកដីដែលរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនដកកងទ័ពថយចេញពីតំបន់មួយចំនួនដើម្បីជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ ប៉ុន្តែអ៊ុយក្រែនមិនទាន់យល់ព្រម។

ទន្ទឹមនឹងនោះ នៅលើសមរភូមិយោធា រុស្ស៊ីបន្តវាយប្រហារទៅលើទីក្រុងតូចធំរបស់អ៊ុយក្រែន។ លោកហ្សេឡិនស្គីបន្តអំពាវនាវយ៉ាងទទូចទៅក្រុមសម្ព័ន្ធមិត្តដើម្បីផ្ដល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទប់ទល់នឹងការវាយប្រហារ។ ផ្ទះរបស់ប្រជាជនជិត៦ម៉ឺនខ្នងគ្មានឥន្ធនៈសម្រាប់កម្ដៅខ្លួននៅរដូវរងាដែលចុះត្រជាក់ដល់ដក១២អង្សាក្រោមសូន្យកាលពីព្រឹកមិញ។

ឥឡូវនេះ រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស់ទាំងមូលទៅឱ្យខ្លួន។ លោកហ្សេឡិនស្គីថ្លែងថាបញ្ហាបូរណភាពទឹកដីគឺជាចំណុចសំខាន់នៃការចរចាគ្នាលើកនេះ។ នៅពេលដែលកំពុងចរចាគ្នាសុខៗ រុស្ស៊ីបន្តវាយប្រហារដោយឥតបន្ធូរដៃដូច្នេះធ្វើឱ្យអ៊ុយក្រែនខឹងសម្បារយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនប្រកាសថ្កោលទោសជាទម្ងន់ចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូន។

លោករដ្ឋមន្ត្រីរូបនេះបង្ហោះសារនៅលើបណ្ដាញអ៊ិចដោយដាក់សំណួរថានេះឬជាកិច្ចខិតខំប្រឹងប្រែងរកសន្តិភាព? នេះឬការជួបគ្នាត្រីភាគីនៅអារ៉ាប់រួម? នេះឬនយោបាយការទូត? សម្រាប់អ៊ុយក្រែន នេះជារាត្រីរន្ធត់ដែលបង្កឡើងដោយរុស្ស៊ីទៅវិញទេ។ លោកពូទីនចំកួតបានបញ្ជាឱ្យវាយប្រហារដោយមីស៊ីលយ៉ាងធ្ងន់ធ្ងរទៅលើអ៊ុយក្រែននៅពេលគណៈប្រតិភូទាំងបីក្រុមកំពុងប្រជុំនៅអាប៊ូដាប៊ី។ លោកថាពួកគេមិនត្រឹមតែវាយប្រហារប្រជាជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏វាយប្រហារតុចរចាផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត

